Additional Resource

សេចក្ដី​ប្រកាស​អំពី​ក្រុមគ្រួសារ

នៅ​ក្នុង​ឆ្នាំ 1995 គណៈប្រធាន​ទីមួយនិង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​​នាក់បាន​ចេញ « ក្រុម​គ្រួសារ ៖ ការ​ប្រកាស​ដល់​ពិភព​លោក » ។ សេចក្ដី​ប្រកាស​នេះ គឺ​ជា​ការ​ប្រកាស​ និង​ការ​បញ្ជាក់​សារ​ជា​ថ្មី​មួយ​អំពី​គោលលទ្ធិ និង​ការ​អនុវត្តន៍​ទាំងឡាយ ដែល​ពួក​ព្យាការី បាន​ថ្លែង​ដដែលៗ​នៅ​ទូទាំង​ប្រវត្តិ​សាស្ត្រ​នៃ​សាសនាចក្រ ។ វា​មាន​នូវ​គោលការណ៍​ទាំងឡាយ ដែល​សំខាន់​ចំពោះ​សុភមង្គល និង​សុខុមាលភាព​នៃ​គ្រប់​ក្រុម​គ្រួសារ ៖


« យើង​ជា​គណៈប្រធាន​ទីមួយ និង ក្រុម​ប្រឹក្សា នៃ​ពួក​សាវក​ដប់ពីរ​នាក់​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ ថ្ងៃ​ចុង​ក្រោយ សូម​ប្រកាស​ជា​ឧឡារិក​ថា អាពាហ៍ពិពាហ៍​រវាង​បុរស និង ស្ត្រី គឺ​ត្រូវ​បាន​តែងតាំង​ឡើង ដោយ​ព្រះ ហើយ​ថា គ្រួសារ ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ផែនការ​របស់​ព្រះ​ដ៏​បង្កបង្កើត​សម្រាប់​គោលដៅ​ដ៏​នៅ​អស់កល្ប​ជានិច្ច​នៃ កូនចៅ​របស់​ទ្រង់ ។

« មនុស្ស​ទាំង​អស់—ទាំង​ប្រុស ទាំង​ស្រី—ត្រូវ​បាន​បង្កើត​ឡើង​តាម​រូបភាព​នៃព្រះ ។មនុស្ស​ម្នាក់ៗ សុទ្ធតែ​ជា​បុត្រា និង បុត្រី​ខាង​វិញ្ញាណ​របស់​ព្រះមាតា​បិតា​សួគ៌ ដូច្នេះ​ហើយ មនុស្ស​ម្នាក់ៗ មាន​ចរិត និង គោលដៅ​នៃ​ព្រះ ។ភេទ​ប្រុស​ស្រី គឺ​ជា​លក្ខណៈ​ពិសេស​នៃ​អត្តសញ្ញាណ និង គោលបំណង​របស់​បុគ្គល​ម្នាក់ៗ នៅ​ជីវិត​មុន​ផែនដី ជីវិត​រមែង ស្លាប់ និង នៅ​អស់​កល្ប​ជានិច្ច ។

« នៅ​ជីវិត​មុន​ផែនដី បុត្រា និង បុត្រី​ខាង​វិញ្ញាណ​ទាំងឡាយ បាន​ស្គាល់ ហើយ​បាន​ថ្វាយ​បង្គំ​ព្រះ ជា​ព្រះវរបិតា​ដ៏​នៅ អស់កល្ប​ជានិច្ច​របស់​ពួកគេ ហើយ​បាន​ទទួល​ផែនការ​របស់​ទ្រង់ ដែល​នាំ​ឱ្យ​កូនចៅ​ទាំងឡាយ អាច​ទទួល​រូបកាយ ហើយ​និង​ទទួល​បទពិសោធន៍​នៅ​លើ​ផែនដី ដើម្បី​រីកចម្រើន​ទៅ​រក​ភាពល្អ​ឥតខ្ចោះ ហើយ​នៅ​ទីបញ្ចប់ នឹង​ដឹង​ពី គោលបំណង​ដ៏​ទេវភាព​របស់​ពួកគេ ដោយ​ទទួល​ជីវិត​ដ៏​នៅ​អស់កល្ប​ទុក​ជា​មរតក ។ផែនការ​នៃ​សុភមង្គល​ដ៏​ទេវភាព​នេះ ផ្តល់​លទ្ធភាព​ដល់​ទំនាក់​ទំនង​ក្រុម​គ្រួសារ ចេះតែ​បន្ត​មាន​រហូត​ហួស​ពី សេចក្តី​ស្លាប់ ។ពិធី​បរិសុទ្ធ និង សេចក្តី​សញ្ញា​ពិសិដ្ឋ​នានា ដែល​មាន​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ អាច​ធ្វើ​ឱ្យ​បុគ្គល​ម្នាក់ៗ ត្រឡប់​ទៅ​កាន់ វត្តមាន​នៃ​ព្រះ​វិញ ហើយ​ដើម្បី​ឲ្យ​ក្រុម​គ្រួសារ អាច​ត្រូវ​បាន​រួបរួម​គ្នា​ដ៏​អស់​កល្ប​ជានិច្ច ។

ព្រះបញ្ញត្តិ​ទី​មួយ ដែល​ព្រះ​បាន​ប្រទាន​ដល់​លោក អ័ដាម និង នាង​អេវ៉ា ទាក់ទង​ទៅ​នឹង​សមត្ថភាព​របស់​ពួកគេ​សម្រាប់ ភាពជា​ឪពុក​ម្តាយ​ក្នុង​នាម​ជា​ស្វាមី និង ភរិយា ។« យើង​សូម​ប្រកាស​ថា ព្រះបញ្ញត្តិ​របស់​ព្រះ សម្រាប់​កូន​ចៅ​របស់​ទ្រង់ ដើម្បី​បង្កើត​កូនចៅ​ឱ្យ​ចម្រើន​ជា​ច្រើន​ឡើង​ឱ្យ​មាន ពាសពេញ​លើ​ផែនដី នោះ​នៅតែ​ឱ្យ​ប្រតិបត្តិ​នៅ​ឡើយ ។ យើង​សូម​ប្រកាស​ថែម​ទៀត​ថា ព្រះ​បាន​បញ្ជា​ថា អំណាច ពិសិដ្ឋ​នៃ​ការបង្កើត​កូន គឺ​ត្រូវបាន​ប្រើ​រវាង​តែ​បុរស និង ស្ត្រី ដែល​បាន​រៀប​អាពិហ៍ពិពាហ៍​ស្រប​ច្បាប់​ ជា​ប្តី និង ប្រពន្ធ​ប៉ុណ្ណោះ ។

« យើង​សូម​ប្រកាស​ថា មធ្យោបាយ​ដើម្បី​បង្កើត​ជីវិត​រមែង​ស្លាប់​នេះ គឺ​ត្រូវ​បាន​តែងតាំង​ឡើង​ដោយ​ព្រះ ។យើង​សូម​បញ្ជាក់​នូវ​ការញែក​ចេញ​ជា​បរិសុទ្ធ នៃ​ជីវិត និង សារៈសំខាន់​នៃ​ជីវិត​នៅ​ក្នុង​ផែនការ​ដ៏​អស់កល្ប​ជានិច្ច​របស់​ព្រះ ។

« ស្វាមី និង ភរិយា មាន​ការ​ទទួល​ខុស​ត្រូវ​ដ៏​ឧឡារិក ដើម្បី​ស្រឡាញ់ និង ថែរក្សា​គ្នា​ទៅ​វិញ​ទៅ​មក ព្រម​ទាំង កូន​ចៅ របស់​ខ្លួន​ផងដែរ ។‹ កូន​ចៅ​ជា​មរតក​ពី​ព្រះយេហូវ៉ា › ( ទំនុក​តម្កើង 127:3 )។ឪពុក​ម្តាយ មាន​កាតព្វកិច្ច​ដ៏​ពិសិដ្ឋ ដើម្បី​ចិញ្ចឹម​បីបាច់​កូនចៅ​របស់​ខ្លួន ដោយ​ក្តី​ស្រឡាញ់ និង សេចក្តី​សុចរិត ផ្គត់ផ្គង់ សេចក្តី​ត្រូវការ ទាំង​ខាងរូ​បកាយ និង ខាង​វិញ្ញាណ​របស់​ពួកគេ និង បង្រៀន​ពួកគេ​ឱ្យ​ចេះ​ស្រឡាញ់ និង បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក ចេះ​គោរព​ព្រះបញ្ញត្តិ​ទាំងឡាយ​នៃ​ព្រះ ហើយ​ធ្វើ​ជា​ពលរដ្ឋ​ល្អ ចេះ​គោរព​ច្បាប់ គ្រប់​ទីកន្លែង ដែល​ពួកគេ​រស់​នៅ ។ស្វាមី និង ភរិយា—ម្តាយ និង ឪពុក—នឹង​ទទួល​ខុសត្រូវ​នៅ​ចំពោះ​ព្រះភ័ក្ត្រ​ព្រះ តាម​ការប្រតិបត្តិ នៃ​ភារកិច្ច ទាំងឡាយ​នេះ ។

« ក្រុម​គ្រួសារ ត្រូវ​បាន​តែងតាំង​ឡើង​ដោយ​ព្រះ ។ អាពាហ៍ពិពាហ៍​រវាង​បុរស និង ស្ត្រី គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ផែនការ ដ៏​នៅ​អស់កល្ប​ជានិច្ច​របស់​ទ្រង់ ។កូនចៅ​មាន​សិទ្ធិ នឹង​ទទួល​កំណើត មក​ក្នុង​ចំណង​នៃ​អាពាហ៍ពិពាហ៍ ហើយ​និង​ត្រូវ​បាន​ចិញ្ចឹម​បីបាច់​ដោយ​ឪពុក​ម្តាយ ដែល​គោរព​ប្រតិបត្តិ​តាម​សច្ចា​នៃ​អាពាហ៍ពិពាហ៍ ដោយ​ស្មោះត្រង់​ទាំងស្រុង ។សុភមង្គល​នៅ​ក្នុង​ជីវិត​គ្រួសារ​អាច​កើត​មាន​ឡើង​បាន​នៅ​ពេល​ធ្វើ​តាម​ការបង្រៀន​របស់​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ ។អាពាហ៍ពិពាហ៍ និង គ្រួសារ ដែល​មាន​ជោគជ័យ នោះ​គឺ​ត្រូវ​ស្ថាបនា និង ថែរក្សា នៅលើ​គោលការណ៍ នៃ​សេចក្តី​ជំនឿ ការអធិស្ឋាន ការប្រែចិត្ត ការអភ័យទោស ការគោរព​គ្នា សេចក្តី​ស្រឡាញ់ សេចក្តី​មេត្តា​ករុណា ការងារ និង កម្មវិធី​កំសាន្ត​ល្អៗ​នានា ។តាម​ការរៀបចំ​ដ៏​ទេវភាព​នេះ ឪពុក​ត្រូវ​បាន​ចាត់​ឲ្យ​ធ្វើ​ជា​អ្នក​ដឹកនាំ​នៅ​ក្នុង​គ្រួសារ​របស់​ខ្លួន ដោយ​សេចក្តី​ស្រឡាញ់ និង សេចក្តី​សុចរិត ហើយ​មាន​ភារកិច្ច​ក្នុង​ការ​ផ្គត់ផ្គង់​សេចក្តី​ត្រូវការ​ក្នុង​ជីវិត ព្រមទាំង​ការពារ​ក្រុម​គ្រួសារ​ខ្លួន​ផង ។ ម្តាយ​មាន​ភារកិច្ច​សំខាន់​ដើម្បី​ថែរក្សា​បីបាច់​កូនចៅ​របស់​ខ្លួន ។ នៅ​ក្នុង​ការទទួល​ខុស​ត្រូវ​ដ៏​ពិសិដ្ឋ​ទាំង​នេះ ឪពុក និង ម្តាយ​មាន​កាតព្វកិច្ច​ដើម្បី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ដៃគូ​ស្នើរ​គ្នា ។ពិការភាព មរណភាព ឬ កាលៈទេសៈ​ផ្សេងៗ​ទៀត អាច​នឹង​ត្រូវសម្រប​ទៅ​តាម​ស្ថានភាព​ចាំបាច់​របស់​បុគ្គល​ម្នាក់ៗ ។ញាតិ​សន្តាន ក្រុម​គ្រួសារ គួរតែ​ជួយ​គាំទ្រ នៅ​ពេល​មាន​សេចក្តី​ត្រូវការ ។

« យើង​សូម​ព្រមាន​ថា បុគ្គល​ណា​ដែល​បំពាន​លើ​សេចក្តី​សញ្ញា​នៃ​ព្រហ្មចារីភាព ដោយ​បាន​ធ្វើ​បាប​ភរិយា ឬ កូនចៅ ឬ មិន​បាន​បំពេញ​ការទទួល​ខុស​ត្រូវ​ក្នុង​គ្រួសារ គង់តែ​ថ្ងៃ​ណា​មួយ​នឹង​ទទួល​ខុស​ត្រូវ​នៅ​ចំពោះ​ព្រះ ។លើស​ពីនេះ​ទៅ​ទៀត យើង​សូម​ព្រមាន​ថា ការបែកបាក់​នៅ​ក្នុង​គ្រួសារ​នឹង​នាំ​មក​នូវ​មហន្តរាយ​ដល់​បុគ្គល​នោះ សហគមន៍ និង ជាតិ​សាសន៍ ដូច​ដែល​បាន​ទាយ​ទុក​ជាមុន ដោយ​ពួក​ព្យាការី​សម័យ​បុរាណ និង ពួក​ព្យាការី​សម័យ​ទំនើប ។

« យើង​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង មន្ត្រី​រាជការ​ទាំងឡាយ នៅ​ក្នុង​រដ្ឋាភិបាល ដែល​ទទួល​ខុស​ត្រូវ​នៅ​គ្រប់​ទីកន្លែង ទាំងអស់ សូម​ឱ្យ​គាំទ្រ​នូវ​អ្វីៗ​ទាំងនេះ ដែល​បាន​រៀបរាប់​ឡើង ដើម្បី​ទ្រទ្រង់ និង ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​មាំមួន ដូចជា អង្គភាព​មួយ​ដ៏​សំខាន់​នៃ​សង្គម » ( Ensign, ខែ​វិច្ឆិកា ឆ្នាំ 1995 ទំព័រ 102 )។

Style Guide Note:When reporting about The Church of Jesus Christ of Latter-day Saints, please use the complete name of the Church in the first reference. For more information on the use of the name of the Church, go to our online Style Guide.